Tuesday, June 4, 2013

សេចក្តីថ្លែងអំណរគុណរបស់​បងប្រុស ម៉ុង គឹមហេង



សេចក្តីថ្លែងអំណរគុណ
===========================


ខ្ញុំព្រះករុណា ខ្ញុំបាទ ម៉ុង គឹមហេង ព្រមទាំងក្រុមគ្រួសារ មានសេចក្តីរំភើបឥតឧបមា សូម​សំដែង​នូវអំណរព្រះគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះតេជគុណ វ៉ង គឹមសន ព្រះចៅអធិការ​វត្តជម្ពូវន្ត ដែលបាននិមន្ត និងជួយរៀបចំទីសក្ការៈក្នុងកម្មវិធីបុណ្យ៤៩ ថ្ងៃ និងគម្រប់១០០ ថ្ងៃ ដែលបាន​ប្រព្រឹត្តិទៅនាថ្ងៃទី០២​ ខែមិថុនា ឆ្នាំ២០១៣ នេះ របស់សពលោកឪពុក ឪពុកក្មេក របស់យើងខ្ញុំ ដែល​បានទទួលមរណៈភាពកាលពីថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០១៣ កន្លងទៅ និងសូមគោរពថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្តដ៏ប្រពៃប្រកបដោយក្តីស្រឡាញ់រាប់អានពីសំណាក់ឯកឧត្តម អស់​លោក លោកស្រី មិត្តភក្តិរួមថ្នាក់សុក្រឹតការរបស់យើង ក៏ដូចជាមិត្តភក្តិរួមជំនាន់ទាំងអស់ តាំងពីថ្ងៃដំបូង​នៃ​ពិធី​បុណ្យរហូតមកដល់ថ្ងៃប្រារព្ធនាថ្ងៃនេះ ដោយចូលរួមទាំងកំលាំងកាយ កំលាំងចិត្ត ពេលវេលា និង​បច្ច័យ​ដោយ​ទឹកចិត្តស្មោះស្ម័គ្របំផុត។

កាយវិការដ៏ប្រពៃនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការសាមគ្គីគ្នា ជួយគ្នា និងលើកទឹកចិត្តគ្នានៅពេល មានទុក្ខកង្វល់ ឬបញ្ហាលំបាកអ្វីកើតឡើង ដើម្បីជួយផ្តល់នូវកំលាំងចិត្ត និងជួយរំលែកការលំបាក​មួយចំនួន​ដល់មិត្តភក្តិ បងប្អូន របស់យើង ដែលបានជួប​ការ​លំបាក ឬបញ្ហាផ្សេងៗ ដូចដែលយើងបាន​អនុវត្តកន្លង​មកជាហូរហែរ។

ជាទីបញ្ចប់ តាងមានឱ្យក្រុមគ្រួសារ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមសំដែងនូវអំណរព្រះគុណ និងអំណរ​គុណ​ជាថ្មី​ម្តងទៀត និងសូមព្រះតេជគុណ និងជូន​ដល់​ឯកឧត្តម អស់​លោក លោកស្រី និងមិត្តភក្តិរួមជំនាន់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាតឡើយ និងសូមឱ្យសកម្មភាពនេះក្លាយជាគំរូដ៏ល្អសំរាប់បងប្អូន និងមិត្តភក្តិ​ជំនាន់​ក្រោយៗ ទៀតរបស់យើងយកជាគំរូ។

សូមព្រះតេជគុណ ឯកឧត្តម អស់លោក លោកស្រី និងមិត្តភក្តិរួមជំនាន់ទាំងអស់ មេត្តាទទួល​នូវ​ការគោរពស្រឡាញ់ និងរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំព្រះករុណា ខ្ញុំបាទ។

រាជធានីភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៣
ម៉ុង គឹមហេង

No comments:

Post a Comment