នៅសាលាភូមិន្ទរដ្ឋបាល
ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣
សូមគោរពឯកឧត្តម ស៊ុំ ម៉ាប់ នាយកសាលាភូមិន្ទរដ្ឋបាល ជាទីគោរព!
សូមគោរពឯកឧត្តមសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ជាទីគោរព !
បងប្អូន មិត្តភ័ក្តិរួមជំនាន់ជាទីមេត្រី !
ជាបឋម តាងនាមកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ កម្មសិក្សាការីមន្រ្តីមធ្យម សិស្សមន្រ្តីជាន់ខ្ពស់ សិស្សក្រមការ ដែលកំពុងសិក្សានៅសាលាភូមិន្ទរដ្ឋបាលសំរាប់ឆ្នាំសិក្សា២០១៣ ទាំងអស់ ខ្ញុំបាទ មានសេចក្តីសោមនស្សរីករាយជាទីបំផុត សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការគាំទ្រ និងអនុញ្ញាតពីសំណាក់ពីថ្នាក់ដឹកនាំសាលា ពិសេសឯកឧត្តម ស៊ុំ ម៉ាប់ នាយកសាលាភូមិន្ទរដ្ឋបាល បានផ្តល់ឱកាសដ៏ថ្លៃថ្លាអនុញ្ញាតឱ្យយើងខ្ញុំរៀបចំពិធីជួបជុំគ្នានាថ្ងៃនេះ។
ឆ្លៀតក្នុងឱកាសដែរនេះ ជាមួយនឹងវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូទាំងអស់ក្នុងថ្ងៃនេះ ខ្ញុំបាទ សូមគោរពសំដែងនូវការដឹងប្រកបដោយកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានលះបង់នូវកំលាំងកាយ និងកំលាំងចិត្ត ព្រមទាំងពេលវេលាដ៏មានតំលៃក្នុងការបង្ហាត់បង្រៀន និងធ្វើបទបង្ហាញនូវមេរៀន និងបទពិសោធន៍ដ៏ល្អៗ ដល់យើងខ្ញុំជាកម្មសិក្សាការីទាំងអស់បានយល់ បានដឹង និងទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗ បន្ថែមទៀត ដើម្បីយកទៅបំពេញភារកិច្ចនៅក្នុងអង្គភាពឱ្យមានការរីកចំរើន រួមចំណែកក្នុងការអភិវឌ្ឍជាតិឱ្យមានការរីកលូតលាស់កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ជាទីបំផុត ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព។
ឯកឧត្តម ជាទីគោរព !
បងប្អូន មិត្តភ័ក្តិរួមជំនាន់ជាទីមេត្រី !
ស្ថិតក្នុងឱកាសដ៏សប្បាយរីករាយនេះ ខ្ញុំបាទ សូមគោរព និងបញ្ជាក់ជូនអំពីគោលបំណងនិងអត្ថន័យនៃការជួបជុំគ្នានាថ្ងៃនេះ គឺដើម្បីបញ្ជាក់ឱ្យឃើញច្បាស់ថា យើងខ្ញុំទាំងអស់គ្នាមានឆន្ទៈយ៉ាងមុះមុតក្នុងការរួបរួម សាមគ្គីគ្នា ឯកភាពគ្នា ប្រកបដោយភាពស្មោះស្ម័គ្របំផុត ជាពិសេស ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកដល់នាពេលឆាប់ ៗ ខាងមុខនេះ និងដើម្បីបង្កើតនូវចំណងអនុស្សាវរីយ៍សំរាប់មិត្តភក្តិរួមជំនាន់ និងទុកជាគំរូជូនដល់មិត្តភក្តិជំនាន់ក្រោយ ៗ នាពេលខាងមុខតទៅទៀត។
មុននឹងបញ្ចប់ តាងនាមឱ្យមិត្តរួមជំនាន់ ខ្ញុំបាទ សូមធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំរៀនសូត្រ គោរពវិន័យសាលាឱ្យបានទៀងទាត់ អនុវត្តតាមរាល់បទបញ្ជារបស់សាលា មិនបង្កការលំបាកដល់សាលា ជាពិសេសផ្តល់កិត្តិយសជូនសាលា ក៏ដូចជាជូនចំពោះខ្លួនឯងឱ្យបានជោគជ័យ។
ជាទីបញ្ចប់ ក្នុងឱកាសចូលឆ្នាំប្រពែណីខ្មែរនាឆ្នាំនេះ តាងនាមឱ្យមិត្តរួមជំនាន់ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណជាថ្មីម្តងទៀត និងសូមគោរពជូនពរចំពោះឯកឧត្តម លោកគ្រូ អ្នកគ្រូ និងមិត្តរួមជំនាន់ សូមជួបប្រទះនូវពុទ្ធិពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
សូមអរគុណ និងសូមគោរពអញ្ជើញពិសារអាហារសាមគ្គី និងរាំកំសាន្ត។
No comments:
Post a Comment